ប្រវត្តិពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែបណ្ដែតប្រទីប
បានចុះផ្សាយ៖ ខែវិច្ឆិកា 1, 2010 ដោយ កំណត់ត្រាសិលា ក្នុង កម្ពុជា, ការស្រាវជ្រាវ, ចំណេះដឹងទូទៅ, ប្រវត្តិសាស្ត្រ, វប្បធម៌, សាសនាពាក្យគន្លឹះ៖កម្ពុជា, ការស្រាវជ្រាវ, ប្រវត្តិសាស្ត្រ, វប្បធម៌, សាសនា
0

ប្រវត្តិសាស្ត្របានបញ្ជាក់ថានៅ ” ថ្ងៃទី ១៤-១៥ កើតខែអស្សុជ និង ១ រោជខែកក្ដិក ” ពិធីអុំទូក អកអំបុក បណ្ដែកប្រទីប ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ មានដើមកំណើតតាំងពីបុរាណកាលមក ហើយដែលគេបានចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬតាមសិលាចារឹក នៃប្រាសាទជាដើម ។
ពិធីនេះ រីកចម្រើនយ៉ាងខ្លាំងនៅសង្គមខ្មែរ នាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ សតវត្សរ៍ទី ១២ និងសម័យលង្វែកនាពុទ្ធសករាជ ២០៧១ គ្រិស្តសករាជ ១៥២៨ ក្នុងរាជព្រះបាទអង្គច័ន្ទទី ១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាលជាស្ដេចក្រាញ់នៅកម្ពុជាក្រោមស្រុកបាសាក់ ។មានហេតុផលជាច្រើន បានបង្ហាញ អោយឃើញ ថា
ក. នៅសម័យអង្គរសតវស្សរ៍ទី ១២ ក្រុងកម្ពុជាមានសេចក្ដីសុខសប្បាយក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ សម្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបជាតិ បរទេសចាម ដោយកងទ័ពទូករំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ ។ គ្រិស្តសករាជ ១១៧៧-១១៨១ រឿងចម្បាំងទាំងអស់ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកនៅលើ ជញ្ជាំងប្រាសាទបាយ័ន នឹងប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះឆាយាលក្ខណ៍នៃព្រះបាទ ជ័យវរ្ម័នទី ៧ និងទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូរដំបង ដែលមានកងទ័ពយ៉ាងច្រើនមហិមា ។
ខ. តាមឯកសារប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ និពន្ធដោយ ថាប់ ប៉ែន បានសរសេរថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទទី ១ ទ្រង់តាំងពញាតាត ងារជាសិទ្ធភូបាល ជាស្ដេចនៅកម្ពុជាក្រោមស្រុកបាសាក់ ឲ្យរៀបចំកងទ័ពជើងទឹកចែកចេញជាបីក្រុម ។
ក្រុមទី ១ : គឺកងទ័ពស្រួចហាត់ច្បាំងដោយទូកកង
ក្រុមទី ២ : គឺជាកងទ័ពជំនួយហាត់ចម្បាំងដោយទូកចែវពីរជួរ
ក្រុមទី ៣ : គឺជាទ័ពបាសាក់ ជាទូកធំមានដំបូល ១ កាត់ មានក្ដោងដូចជាទូកប៉ុកចាយ តែរាងស្ដួចវែង សម្រាប់ផ្ទុកស្បៀងកងទ័ព ។
គ. តាមឯកសារមហាបុរសខ្មែរ ព.ស ២៤០៤ គ.ស ១៨៦០ បានចែងថា ព្រះបាទ នរោត្ដម ត្រាស់បង្គាប់មន្ត្រីរាជការរៀបចំពិធីបុណ្យទ្វាទសមាស ។ ស្ដេចគង់ព្រះរាជ ដំណាក់ផែទតទូក ទូកមួង ទូកចែវ ដែលអុំប្រណាំងថ្វាយ ផ្ដាច់ព្រ័ត្រក្នុងពេលចេញវស្សា និងដង្វាយដល់ព្រះច័ន្ទ និងបណ្ដែតប្រទីបថ្វាយដល់ព្រះចង្កូមកែវ ។
* ពិធីបុណ្យអុំទូក :
ដើម្បីជាការសក្ការៈដឹងដល់បុព្វបុរសខ្មែរយើង ដែលរក្សាបាននូវបុរាណភាពទឹកដីបង្ក្រាបបានរាល់សង្គ្រាមឈ្លានពាននៃ បច្ចាមិត្រ ដែលមានបំណងដណ្ដើមយកនូវសម្បត្តិជាតិ ត្រូវបុព្វបុរសយើងកំទេចឲ្យវិនាសមហន្តរាយ ហើយការប្រឆាំងតបនិងសត្រូវទាំងនោះ ដូនតាយើងមានកងទ័ពជាច្រើនផ្នែកពិសេសគឺកងទ័ពជើងទឹកនេះឯង ។ ដូច្នេះពិធីអុំទូកជាពិធីមួយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃ ការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹករបស់ខ្មែរបុរាណ ដែលពីដើមគេតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៥ កើត និង ១ រោចខែអស្សុជ រៀងរាល់ឆ្នាំ ។ម្យ៉ាងទៀតដោយមានការដឹងគុណ ដល់ទឹកដីដែលយើងគ្រប់គ្នាបានរស់នៅសុខសាន្តនេះ ដើម្បីជាដង្វាយដល់ព្រះគង្គានិងព្រះធរណី ។
* ប្រវត្តិពិធីអកអំបុកសំពះព្រះខែ :
បុណ្យប្រពៃណីអកអំបុក សំពះព្រះខែ មានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិរបស់ព្រះពុទ្ធ ជាម្ចាស់នៃយើង ។ ពិធីនេះប្រហែលជារីកចម្រើនដំណាលគ្នានឹងបុណ្យអុំទូកបណ្ដែតប្រទីបដែរ ។
តាមគម្ពីរ បរមត្ថទីបនី អដ្ឋកថាចរិយាបិដកភាសាបាលីចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធីសត្វនៃយើងទ្រង់យោនយកកំណើតជាទន្សាយពោធិសត្វ ។ វេលាខែពេញបរមីមួយទន្សាយពោធិសត្វបានអធិដ្ឋាន ឧបោសថសីល ហើយឧទ្ធិសមំសៈជាទានបរមត្ថបារមីដើម្បីពេញសម្មាសម្ពោធិញាណឲ្យបាន ត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ប្រាប់ពីហេតុការណ៍នោះ ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់មកសុំមំសៈ របស់ទន្សាយព្រះពោធិសត្វធ្វើជាអាហារ ។ ទន្សាយព្រះពោធិសត្វបានឲ្យព្រាហ្មណ៍នោះបង្កាត់ភ្លើងឆេះយ៉ាង សន្ធោសន្ធៅ ។ ទន្សាយព្រះពោធិសត្វក៏រលាស់ខ្លួនឡើងបីដង ដើម្បីឲ្យសត្វល្អិតដែលជាប់និងរោមជ្រុះចេញរួចក៏លោតចូលក្នុង ភ្លើងភ្លាម ភ្លើងនោះប្រែជាពុំឆេះសន្ធោសន្ធៅដូចមុនឡើយ ឃើញដូច្នេះ ព្រះឥន្ទ្រព្រាហ្មណ៍ក៏ស្ទុះទៅពយកទន្សាយពោធិសត្វឡើងទៅដល់មណ្ឌល ព្រះច័ន្ទ ហើយទ្រង់ក៏យកម្នាងសិលាគូររូបទន្សាយពោធិសត្វ ហើយឥន្ទ្រព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរ នេះនៅជាប់រហូតដល់ទីបំផុតកប្ប ។
ដោយអនុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្ដីអធិដ្ឋានរបស់ឥន្ទ្រព្រាហ្មណ៍ផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលជាដរាបរហូតដល់សព្វថ្ងៃ ។
ពិធីបុណ្យនេះរីកចម្រើននៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពលនៃព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹង របស់ប្រជាជាតិទាំងមូល ដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ពិសេសគឺព្រះពោធិសត្វដែលយោនយកកំណើតជាទន្សាយបានផ្ដិតរូបព្រះ ឆាយយាលក្ខណ៍របស់ព្រះអង្គនិងលោកខែ ដើម្បីបានបំភ្លឺសត្វលោកតរៀងទៅ ។
* អត្ថន័យនិងខ្លឹមសារ ពិធីអកអំបុក សំពះព្រះខែ :
+ សក្ការៈបូជាចំពោះទន្សាយព្រះធមធិសត្វដែលរូបព្រះឆាយាលក្ខណ៍របស់ ព្រះអង្គផ្ដិតជាប់និងលោកខែ ដើម្បីបំភ្លឺសត្វលោករៀងមក ។+ ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ នូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គកំពុងតែបញ្ចេញភោគផលយ៉ាងល្អប្រសើរ ក្នុងវេលាយប់ពេញបូណ៌រមីនៃខែកក្ដិក ជាពេលព្រះខែលេចរូបរាងច្បាស់ ដើម្បីថ្វាយចំណីទាំងនោះមានត្រាវ ដំឡូង ដូង ចេក អំបុក ៘
+ ដើម្បីអបអរសាទរនូវទិន្នផល ដែលបានមកពីការបង្កបង្កើនផលរបស់ប្រជាជាតិកម្ពុជា ខិតខំធ្វើពលកម្មយ៉ាងខ្លាំងតាំងពីរដូវភ្លៀងធ្លាក់កន្លងមកជាសញ្ញា ប្រាប់ថារដូវស្រូវទុំ ព្រមទាំងផល្លានុផលទាំងឡាយបានមកដល់ហើយ ។ ពិធីបណ្ដែកប្រទីបជាបុណ្យប្រពៃណីជាតិដែលប្រព្រឹត្តទៅនៅវេលាយប់ ថ្ងៃទី ១៤-១៥ កើត និង ១ រោច ខែកក្ដិក ភ្ជាប់និងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃមានកំណើតដំណាលគ្នានឹងពិធីអុំទូក រីកចម្រើននៅក្នុងសង្គមខ្មែរតាំងពីសម័យអង្គរដែរ ពិធីបណ្ដែតប្រទីបមានប្រវត្តិយ៉ាងជិតស្និទ្ធនឹងព្រះពុទ្ធសាសនា ហើយក៏មានជាប់ឥទ្ធិពលព្រាហ្មណ៍សាសនាក្នុងការប្រតិបត្តិវិធីអគ្គិ ហោត្រ ឬហោមពិធី ដែលគេអុជទៀនធូបប្រទីបជ្វាលា ដើម្បីបូជាដល់ អាទិទេព ។ ពីព្រោះតាមគម្ពីរទាសវង្សភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំងបួននៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំងបួនគឺ :
- នៅ ត្រៃត្រឹង សួគ៌ (១)
- នៅ ពិភពនាគ (១)
- នៅ ស្រុកគន្ធារ (១)
- នៅ ទន្តបុរៈ (កលិង្គរដ្ឋ) ១
* អន្ថន័យនិងខ្លឹមសារពិធីបណ្ដែតប្រទីប
+ ពិធីបណ្ដែតប្រទីបជាពិធីបុណ្យទាក់ទងទៅនឹងសាសនា ជាបុណ្យប្រពៃណីរបស់ខ្មែរ បញ្ជាក់នូវទឹកសញ្ចេតនាស្នេហានិងគោរពដឹងគុណដល់សម្មាសម្ពុទ្ធគឺ ព្រះចង្កូមកែវប្រតិស្ថាននៅពិភពនាគ, ព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គប្រតិស្ថាននៅស្ទឹងនម្មទា និងកន្លែងដទៃទៀត ។+ ដឹងគុណដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវជីវភាពរស់នៅរបស់ប្រជាជាតិ កម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខុមាលភាព ។
+ ដើម្បីសម្ដែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គនិងទន្លេសាប ដែលផ្ដល់ជីជាតិ យ៉ាងសំខាន់សម្រាប់បម្រើវិស័យកសិកម្ម ។
អ្នកសាវជ្រាវនិយាយពីប្រភពនៃពិធីបុណ្យអុំទូកខ្មែរ
ជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញថាក្នុងព្រះរាជពិធីប្រចាំឆ្នាំទ្វាទសមាសឬបុណ្យដប់ពី ខែសម្រាប់ព្រះរាជាដែលបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង គឺសុទ្ធសឹងទាក់ទងទៅនឹងសាសនា ហើយមានលំនាំយកតាមលទ្ធិជំនឿព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ហើយថែមទាំងបានគូបផ្សំទៅនិងជំនឿលើជីវចលនិយមដែលមានអាយុកាល រាប់ពាន់ឆ្នាំមុនឥណ្ឌារូបនីយកម្មទៅទៀត ។
យោងតាមការរកឃើញថ្មីពីបណ្ឌិត មីសែល ត្រាណេ ជំនាញខាងប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានដឹងថា បុណ្យប្រពៃណីជាតិខ្មែរភាគច្រើនមានលក្ខណៈសំយោគហើយត្រូវបានប្រារព្ធ តាំងពីសម័យបុរាណ(បុរេប្រវត្តិ) រហូតដល់សព្វថ្ងៃនេះ ។ ក្នុងព្រះរាជពិធីទាំងនោះគេឃើញមានព្រះរាជពិធីបុណ្យអុំទូកដែលធ្វើ ការព្រមគ្នាជាមួយនឹងពិធីអកអុំបុកនិងសំពះព្រះខែដែលជាមរតក វប្បធម៌ដូនតាខ្មែរយើងសុទ្ធសាធ ។ លោកបានបន្តទៀតថា ថ្វីត្បិតតែត្រូវផ្សាភ្ជាប់ទៅនិងព្រះពុទ្ធសាសនាក្តី ក៏ប៉ុន្តែយើងត្រូវសង្កត់ធ្ងន់ទៅលើអត្ថន័យស៊ីជម្រៅនៃប្រភពដើមរបស់ វាជាកក្តាគន្លឹះសម្រាប់ស្វែងយល់អំពីប្រភពនិងតួនាទីរបស់ពិធីបុណ្យ ដ៏សំខាន់នេះ ។
បណ្ឌិតជំនាញប្រវត្តិសាស្ត្រខ្មែបានឲ្យដឹងទៀតថា ជាច្រើនពាន់ឆ្នាំមុនការផ្សព្វផ្សាយនៃវប្បធម៌ឥណ្ឌាដោយស្ថិតនៅតំបន់ ខ្យល់រដូវមានអាកាសធាតុក្តៅហើយសើមផងនោះប្រជាជនខ្មែរដែលមាន លំនៅស្ថាននៅតាមបណ្តោយនៃទន្លេមេគង្គឬទន្លេសាបឬក៏បឹងបួរទាំងឡាយ រមែងតែងតែទាញយកផលប្រយោជន៍ពីទឹកនេះពីព្រោះដូនតាយើងចិញ្ចឹមជីវិត ដោយសារការធ្វើស្រែចម្ការនិងនេសាទត្រី ។
សូមកុំភ្លេចថាទឹកជំនន់ប្រចាំរដូវនេះហើយដែលនាំមកនូវដីល្បាប់ ដ៏ មានជីវជាតិជាអត្ថិភាពចម្បងសម្រាប់វិស័យកសិកម្មគឺជាប្រភពនៃ សុភមង្គលនិងវឌ្ឍនភាពដ៏ផូរផង់និងប្រសើថ្លៃថ្លាបំផុត ដើម្បីស្វែងនូវភាពរីករាយសប្បាយការអបអរសាទរចំពោះអំណោយផលពី ធម្មជាតិ ។ លើសពីនេះទៀតបុណ្យនេះក៏ជាឱកាសមួយដ៏សមស្របសម្រាប់មិនគ្រាន់តែ ពង្រឹងនិងពង្រីកចំណងមេត្រីភាពសាមគ្គីភាព ។ ក៏ប៉ុន្តែគឺពាក់ព័ន្ធទៅនឹងការបន្តពូជពង្សវង្សត្រកូលរបស់សង្គម មនុស្សតាមរយៈការអុំទូកប្រណាំងប្រជែងគ្នា ការស៊ីផឹករាំរែក ចែចង់ ឬ ក៏រួមរក្សគ្នាផងដែរ ។
សេចក្តីន័យខាងលើនេះនាំឲ្យលោកបណ្ឌិតយល់ថា” បុព្វការីជនខ្មែរបានគោរពបូជាទឹកតាំងតែបុរាណកាលដែលគេចាត់ទុកថាជា ប្រភពនៃជីវិត ។ ដូច្នេះហើយបានជាគ្រប់សកម្មភាពរបស់ពួកគាត់ទោះតាមផ្លូវកាយចិត្ត ក្តីផ្លូវបញ្ញាក្តីសុទ្ធតែមានបុព្វហេតុទាំងអស់ ។ ហើយករណីនៃពិធីបុណ្យអុំទូកខាងលើនេះដែលបានក្លាយទៅជាបុណ្យប្រពៃណី ជាតិគឺជាសក្ខីភាពស្រាប់ ព្រោះវាតែងតែជាប់ជំពាក់ទៅនឹងទំនោររបស់ដូនតាខ្មែរយើងដែលបាន បង្កើតបុណ្យនេះឡើង ។ លើសពីនេះទៀតខ្មែរបុរាណយើងជឿថា ការប្រារព្ធពិធីបុណ្យអុំទូកនេះពិតជានាំមកនូវភោគផលល្អ និងអ្វីៗដែលខ្លួនប៉ងប្រាថ្នាបានសម្រេច “ ។ សរុបសេចក្ដីមក លោកបញ្ជាក់ថា ស្ថិតក្រោមឥទ្ធិពលនៃធម្មជាតិ ជាពិសេសរបបខ្យល់រដូវដូនតាខ្មែរយើងបានបង្កើតនិងប្រារព្ធប្រពៃណី នេះឡើងក៏ព្រោះតែចង់បង្ហាញនូវគោលគំនិតសំខាន់ៗដូចជាការសម្ដែងនូវ ភាពរីករាយអបអរសាទរនូវភោគផលដំណាំកសិកម្មដែលធម្មជាតិបានផ្គត់ផ្គង់ ទន្ទឹមនឹងដែរការតបស្នងសងគុណវត្ថុស័ក្តិសិទ្ធិក្នុងលោកជារួមមាន ព្រលឹងធម្មជាតិ និងដូនតាមានឋានៈស្មើទៅនឹងព្រះអាទិទេពដែលបានជួយជ្រោមជ្រែងក្នុង ការកំណើនផលិតផលជាវិជ្ជមាន
ជាក់ស្ដែងនៅពេលដែលយើងមើលពិធីប្រណាំងទូកម្ដងៗ យើងមានអារម្មណ៍ក្នុងចិត្តហើយជាមួយគ្នានេះ មេត្រីភាពភាតរភាព សាមគ្គីភាពរវាងបុគ្គលនិងបុគ្គលក៏ត្រូវពង្រឹងពង្រីកឡើងវិញ ។ ខាងលើនេះសឲ្យឃើញថាតួនាទីសង្គមនិងវប្បធម៌យ៉ាងសំខាន់របស់ បុណ្យអុំទូកខ្មែរដែលជាទំនៀមទម្លាប់ប្របៃណីជាតិដ៏យូរលង់ណាស់មកហើយ ហើយមិនមែនជាកម្ចីរបស់វប្បធម៌បរទេសឡើយ ។ ហើយចំណុចមួយទៀតដែលយើងត្រូវកត់សម្គាល់នៅទីនេះគឺក្នុងទស្សនវិជ្ជា បុរាណខ្មែរយើងឃើញមានប្រព័ន្ធមនសិការវាងព្រះទឹកជាពាក្យខ្មែរ និងអាទិទេពគង្គាជាភាសាសំស្ត្រឹតដែលមានន័យដូចគ្នា ។
លោកបាន បន្ថែមទៀតថា ” ធាតុទឹកត្រូវបានដំឡើងឋានៈស្មើនឹងព្រះអាទិទេពរបស់ឥណ្ឌា គឺព្រះនាងគង្គាដែលបានប្រសូតចេញពីទឹកនៃភួងសក់ព្រះឥសូរដ៏មាន មហិទ្ធិឫទ្ធិក្នុងលទ្ធិព្រហ្មញ្ញសាសនា “ ។
មានសំណួរសួរថា តើយើងមានឯកសារអ្វីជាក់លាក់ដែលមានពាក់ព័ន្ធទៅនឹងប្រវត្តដើមនៃ ពិធីបុណ្យអុំទូកខ្មែរដែលឬទេ ដែលគេចាត់ទុកថាជាការបូជាទឹកដ៏ឧត្ដម ?
ដើម្បីឆ្លើយតបសំណួរខាងលើយោងតាមការសិក្សាស្រាវជ្រាវខាង បុរាណវិទ្យា យើងបានឲ្យដឹងថា ចម្លាក់នៃថាសស្គរមហោធឹកសំរឹទ្ធិចុងសម័យលោហធាតុរវាង ៣០០ ទៅ ១០០ ឆ្នាំមុន គ្រិស្តសករាជដែលគេបានរកឃើញនៅខេត្តស្ទឹងត្រែងក៏ដូចនៅក្នុង ស្ថានីយបុរេប្រវត្តិដទៃៗឯទៀតក្នុងឧបទ្វីបឥណ្ឌូចិននិងនៅប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីហើយ ហើយនេះនៅខេត្តព្រៃវែងនិងបន្ទាយមានជ័យលោកអាចឲ្យដឹងថា ការប្រណាំងទូកត្រូវបានប្រារព្ធឡើងតាំងតែពីសម័យបុរេប្រវត្តិសាស្ត្រ ម្ល៉េះ ។
លោកបណ្ឌិតបានធ្វើការប្រៀបធៀបចំណុះទូកសម័យមុននិងឥឡូវថា ជាដំបូងចូរយើងផ្ដោតអារម្មណ៍ទៅលើរូបរាងទំហំនិងចំនួនមនុស្សអុំនៅលើ ទូកដែលត្រូវបានឆ្លាក់នៅលើស្គរសំរឹទ្ធិមហោធឹកទាំងនោះ ហើយពិនិត្យមើលនូវលក្ខណៈនៃទូកទាំងឡាយដែលខ្មែរយើងកំពុងប្រើប្រាស់ ក្នុងពិធីបុណ្យអុំទូកសព្វថ្ងៃ ឬក៏ទូកចម្បាំងបានឆ្លាក់នៅជញ្ជាំងប្រាសាទបុរាណខ្មែរយើងនឹងអាច កត់សម្គាល់ឃើញថា ជាង ២.៣០០ ឆ្នាំ ដែលបានកន្លងផុតទៅហើយនោះ ទោះបីជាជនជាតិខ្មែរបានទទួលនូវការជឿនលឿនខាងសម្ភារៈ ក៏ប៉ុន្តែទម្រង់នៃទូកងនៅពុំទាន់ផ្លាស់ប្ដូរកែប្រែនៅឡើយ ។ ឯកភាពខាងទម្រង់បច្ចេកទេសសាងសង់និងចីរភាពខាងប្រពៃណីប្រើទូកប្រណាំង មានសារសំខាន់ណាស់សម្រាប់ខ្មែរយើង ពីព្រោះលក្ខណសម្បត្តិនៃប្រភេទទូកបែបនេះហើយពិតជាសមស្របតាមកំណើត ជាតិខ្មែរយើងយ៉ាងប្រាកដ ។
សូមជម្រាបថានៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ យើងនេះមានតែជនជាតិខ្មែរតែមួយប៉ុណ្ណោះដែលអាចស្គាល់ និងផលិតទូកងបែបនេះ ហើយកំពុងពេញនិយម ។ បើនិយាយម្យ៉ាងទៀតយើងពុំទាន់ឃើញជាតិសាសន៍ដទៃណាមានសមត្ថភាពឬ សតិញ្ញាណដើម្បីធ្វើទូកដូច្នេះបានឡើយ ។ ប៉ុន្តែបើមានគឺជនជាតិថៃនិងលាវដែលប្រើប្រាស់ប្រភេទទូកនេះ ដែលតាមពិតទៅគឺជាមរតកខ្មែរដែលពួកគេបានខ្ចីពីម្ចាស់ទឹកដី គឺជនជាតិខ្មែរយើងក្រោយពីសម័យមហានគរបន្តិចមក ។
ម្យ៉ាងវិញទៀត ជនជាតិចំណូលថ្មីទាំងនោះ ទោះបីបានផ្ដើមប្រើទូកបែបនេះយកតាមលំនាំខ្មែរសម្រាប់ប្រណាំង ក៏ដោយ តែការប្រណាំងទូករបស់ពួកគេមិនដែលមានលក្ខណៈជាប្រពៃប្រចាំជាតិដូច នៅព្រះរាជាណាចក្រកម្ពុជានោះឡើយ ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា គុណសម្បត្តិពិសេសនៃស្គរមហោធឹកសំរឹទ្ធិនាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានក្នុងទឹកដីខ្មែរបច្ចុប្បន្នក៏ដូចនៅតំបន់ផ្សេងៗនៃអតីត ចក្រភពកម្ពុជទេស មានលក្ខណៈធំធេងណាស់ ។ វត្តមានរបស់ចម្លាក់តំណាងឲ្យការប្រណាំងទូកង និងឧបករណ៍ភ្លេងទាំងនោះដែលគេទូងសម្រាប់ហៅទឹកភ្លៀង ។ អ្វីមួយដែលអ្នកប្រាជ្ញាបរទេសបានចាត់ទុកថាជាពិធីបុណ្យសាសនាក៏ មែនពិត គឺជាភស្តុតាងជាប្រយោលនៃការប្រើប្រាស់ទូកប្រណាំងយ៉ាងច្បាស់លាស់ ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងប្រភពឬ ដើមកំណើតនៃការអុំទូកខ្មែរសព្វថ្ងៃ ដែលគប្បីគេមិនត្រូវមើលរំលងឡើយ ។
សរុបសេចក្ដីមកជាថ្មីម្ដងទៀត លោកបានបញ្ជាក់ថា គប្បីយើងមិនត្រូវមានការភាន់ច្រឡំរវាងការប្រណាំងទូកក្នុងសមយុទ្ធនា សម័យក្រោយអង្គរ ឬការប្រើប្រាស់ទូកចម្បាំងក្នុងសង្គ្រាមខ្មែរ-ចាមក្នុងរជ្ជកាលរបស
ព្រះបាទជ័យវរ្ម័នទី ៧ និងពិធីអុំទូកបែបប្រពៃណីសាសនានោះទេ ។ ជារួមការលើកយកទូកចម្បាំងតែម្យ៉ាងមកនិយាយមិនមែនផ្គុំនិងឯកសារ ផ្សេងៗខាងបុរាណវិទ្យា មិនអាចធ្វើឲ្យយល់នូវការពិតបានទេ ៕
ពិធីបុណ្យចូលឆ្នាំខែ្មរ
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណី របស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
ថ្ងៃ ទេពធីតាមហាសង្រ្កាន គឿ្រងអាភរណៈ
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសមែ្តងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្មនិង កុបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នក សមែ្តងមង្គលដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ" ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ក្បាលបូជា ធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ ដោយ អាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូចេ្នះ គួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយ ខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះសត្វ ឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអា ហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើប មនុស្ស ទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានលឺដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំងបើចោល ក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល ថាហើយក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទីហើយក៏ អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកវិញ។ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ
ថ្ងៃ ទេពធីតាមហាសង្រ្កាន គឿ្រងអាភរណៈ
ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ
អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
ថ្ងៃចន្ទ័ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
ថ្ងៃអង្គារ រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត
អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចំប៉ា គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង
អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា
អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
ថ្ងៃសៅរ៍ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំ
កងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្ត នេះឯង។តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ)ជាសំខាន់វិញហើយ កំណត់ ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំ
រមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មី មាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
- ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
- ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចជាចូឡាមណី ចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ ។
- ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេ បានកំណត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងអោយព្រះចូឡាមណីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬ ក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្តាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើនឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗតែងនាំគ្នាធ្វើបុណ្យផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :- និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិសជាតំណាងចូឡាមណីចេតិយដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រិង្សទេវលោកស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
- និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាលឬយមភូបាលយកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរកតែមិនឆេះ ត្រឡប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បានធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណឱរ៉ៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។
- និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។