របាំខ្មែរ
នៅក្នុងឯកសារ “ របាំខ្មែរ” របស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។របាំក្បាច់បុរាណខ្មែរ គេអាចហៅម៉្យាងទៀតថា របាំព្រះរាជទ្រព្យ ដែលក្នុងនោះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។
របាំប្រពៃណីខ្មែរ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
របាំប្រពៃណីដែលអ្នកនិពន្ធបានរកឃើញ មានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិននិងរបាំបេះក្រវាញ ជាដើម។
ចំពោះរបាំប្រជាប្រិយខ្មែរវិញ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។
របាំបុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣៕
របាំព្លយសួយ
របាំព្លយសួយ សិល្បករ-សិល្បការិនីទាំងអស់មុននឹងសំដែងត្រូវក្រាបសំពះបួងសួងជា មុនសិន ហើយក៏ចាប់ច្រៀងបទឃាំង ឯមេកន្ទ្រាញចេញសំដែងនោះគេច្រៀងបទ ព្រើតចំណែកឯតួសំដែងឲ្យនាងឃ្លីនវិញ ក៏ច្រៀងបទព្រើតដែរ។ ចំណែកឯសិល្បករ-សិល្បការិនីដទៃទៀតក្នុងរបាំនេះក៏ចេញសំដែងដោយ ច្រៀងបទម៉ញ។ បទចម្រៀងទាំងអស់គឺជាសំនៀងប្រកបដោយសម្លេងយ៉ាងក្រអៅក្រអួនឮ គ្រលួចអុសបន្លាយពីរោះគួរអោយស្រណោះស្រណោកពេកក្រៃ ធ្វើអោយអ្នកស្ដាប់ងាយចាំ ហើយដក់ជាប់ក្នុងចិត្តជានិច្ច។ សិល្បៈរបាំព្លយនេះ បងប្អូនជនជាតិភាគតិចសួយ ក៏តែងតែយកមកសំដែងក្នុងពិធីឡើងសំណំ (ពាក្យខ្មែរថា ឡើងអ្នកតា) សម្រាប់ឧទ្ទិសដល់ព្រលឹងបុព្វការីជនរបស់គេ និងអ្នកតាម្ចាស់ស្រុកភូមរបស់គេ ដើម្បីសុំសេចក្ដីចំរើនដល់មនុស្សម្នាក្នុងភូមិឋាន សត្វចិញ្ចឹមរបស់គេ និងដំណាំដាំដុះរបស់ពួកគេផងដែរ។
[កែប្រែ] រឿងនិទានទាក់ទិននិងប្រវត្តិ
លុះមេកន្ទ្រាញជាស្វាមី វិលត្រឡប់មកដល់ផ្ទះ គាត់ក៏បានចូលទៅសម្រាន្តជាមួយប្រពន្ធទី៣ ព្រោះនាងប៉ិនប្រសប់លួងលោមថ្នាក់ថ្នមយកចិត្តប្ដីជាពិសេស។ ចំណែកនាងឃ្លីន ជាប្រពន្ធទី១ បានដឹងរឿងនេះហើយក៏ម្នីម្នារៀបចំខ្លួន មានបង្វេចខោអាវសាវស្បៃ ហើយលួចគេចចេញពីផ្ទះទៅល្អាងភ្នំដែលខ្លួនបានភ្នាល់ក្នុងគ្រា យប់នោះទៅ។
លុះព្រឹកឡើងមេកន្ទ្រាញបាត់ប្រពន្ធទី១ ពុំឃើញ គាត់ក៏សាកសួរគេឯងដឹងពីរឿងរ៉ាវនោះ រួចហើយក៏អោយគ្រូហោរាទស្សន៍ទាយ ឈ្មោះឃាំង ទស្សន៍ទាយគន់គូមើល។ បន្ទាប់មកមេកន្ទ្រាញក៏បានចាត់សេនាជំនិតម្នាក់ឈ្មោះនាយ ម៉ញ អោយទៅតាមរកប្រពន្ធតាមទំនាយរបស់លោកគ្រូឃាំង។
នាយម៉ញ ក៏ត្រូវនាំយកដំណឹងនេះមកប្រាប់មេកន្ទ្រាញតាមដំណើររឿងដែលខ្លួន បានជួបប្រទះ។ មេកន្ទ្រាញកាំម៉ាក់ក៏ចាត់គេបង្កើតឧបករណ៍ភ្លេងព្លយ ដើម្បីលេងអោយឲ្យឮពីរោះដូចសម្លេងសត្វ និងធម្មជាតិ និងឲ្យគេរៀបចំក្រុមរបាំត្រាប់តាមសត្វក្ងោក រមាំង ទន្សាយ ប្រើស ក្ដាន់ ប្រឡែងលេងនឹងគ្នាដូចដែលនាយ ម៉ញ ពោលប្រាប់ ដើម្បីទៅសំដែងនៅមាត់ល្អាងភ្នំនោះដូចលើកមុន។ នាងឃ្លីន បានឮសម្លេងតន្ត្រីប្រគំហើយក៏សប្បាយរីករាយចិត្ត ហើយចេញមកលេងប្រឡែងដូចគ្រាមុនៗជាធម្មតាទៀត។ លុះមួយសន្ទុះក្រោយមកទើបនាងដឹងថា ពុំមែនជាសម្លេងសត្វក្នុងធម្មជាតិពិតៗទេ នាងក៏ចង់គេចខ្លួន។
ប៉ុន្តែទាំងមេកន្ទ្រាញ និងអ្នកភូមិទាំងអស់គ្នាបានអង្វរករអោយនាងឃ្លីនត្រឡប់ទៅផ្ទះវិញ នាងឃ្លីនក៏នៅតែពុំសុខចិត្ត ខណៈនោះម្ចាស់ល្អាងភ្នំ ឬជាអ្នកតាភ្នំ ដែលថែរក្សាតំបន់នោះក៏ចេញមកសួរកាំម៉ាក់ជាប្ដីថា បើនាងព្រមវិលត្រឡប់ទៅវិញ តើអោយអ្វីដល់គាត់? កាំម៉ាក់ឆ្លើយថា អោយអ្វីក៏បានដែរ អោយតែបាននាងឃ្លីន ជាប្រពន្ធត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលបាននាងឃ្លីន ត្រឡប់ទៅផ្ទះជួបជុំគ្រួសារមានសេចក្ដីសុខសាន្តហើយ ពួកគេក៏ភ្លេចពាក្យសន្យាជាមួយនឹងម្ចាស់ល្អាងភ្នំ។ ថ្ងៃមួយពេលមេកន្ទ្រាញកំពុងរៀបចំពិធីបង្កក់កូនជាមួយនាងឃ្លីន ស្រាប់តែម្ចាស់ល្អាងភ្នំចេញមុខបង្ហាញខ្លួនក្នុងពិធីនោះហើយធ្វើ ជាខឹងនឹងកាំម៉ាក់ ដោយពោលថា "យើងមកយកនាងឃ្លីនត្រឡប់ទៅវិញ"។ កាំម៉ាក់សូមអង្វរករថា នឹងបូជាយញ្ញស្រីក្រមុំថ្វាយជារៀងរាល់ឆ្នាំ។ ម្ចាស់ល្អាងភ្នំនៅតែពុំព្រម កាំម៉ាក់សុំអង្វរទៀតថា នឹងថ្វាយកូនកំពុងបង្កក់នោះតែម្ដង។ ម្ចាស់ល្អាងភ្នំបានឆ្លើយថា "បានហើយយើងពុំចង់បានអ្វីពីឯងទេ គឺចង់អោយតែអ្នកឯងគ្រប់ៗគ្នានិយាយពិត ធ្វើពិតបានហើយ"។ អ្នកទាំងអស់គ្នាក៏សំដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះ ម្ចាស់ល្អាងភ្នំ ហើយក៏នាំគ្នាគោរពបូជាពិធីនោះជារៀងរាល់ឆ្នាំ ដោយបូជាយញ្ញស្រីក្រមុំមួយឆ្នាំមួយនាក់ៗ តែលុះចំណេរកាលក្រោយមក ដោយពិបាករកស្រីក្រមុំមកបូជាយញ្ញ អ្នកស្រុកក៏ប្ដូរដង្វាយជាក្របីឃ្លៀចវិញម្ដង ហើយលុះយូរឆ្នាំក្រោយមកការបូជានោះនៅត្រឹមតែមាន់ឆ្កាង និងសម្ភារៈសក្ការបន្តិចបន្តួចប៉ុណ្ណោះជាទម្លាប់រហូតមក ដល់បច្ចុប្បន្ននេះ។
ដោយសារការគោរពបូជានោះធ្វើប្រចាំរៀងមក ទើបជនជាតិភាគតិចសួយ បានប្រែក្លាយពិធីនោះឲ្យទៅជាទំនៀមទម្លាប់របស់ជនជាតិខ្លួនជារហូត មកដល់សព្វថ្ងៃនេះ។ ហើយនៅពេលដែលគេបានប្រារព្ធធ្វើពិធីនេះ គេក៏ពុំដែលអាក់ខាននាំយករបាំព្លយ សំដែងជូនព្រលឹងវិញ្ញាណដូនតាតាមប្រពៃណីរបស់គេផងដែរ។ ឯឧបករណ៍ភ្លេងព្លយ ក៏ចាប់ផ្ដើមមានកំណើតតាំងពីពេលបុរាណនោះមក។ ចំណែករបាំឬចម្រៀងក៏ត្រូវបានគេរៀបរាប់ឲ្យមានឈ្មោះតួអង្គ និងសកម្មភាពត្រាប់តាមក្នុងសាច់រឿងព្រេងនោះផងដែរ។
របាំទន្សោងគោព្រៃ
របាំស្នែងទន្សោងរបស់ អ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំនៅភូមិអញ្ចាញរូង នៅក្នុងខេត្តកំពង់ឆ្នាំង គឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា ។
អ្នកស្រុកក្នុងភូមិនេះរមែងតែធ្វើឡើងនៅក្នុងពិធីបុណ្យធំៗដូចជានៅពេល ចូលឆ្នាំថី្មជាដើម ។ ប្រដាប់ប្រដា ឬលំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ឬស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ ឬអង្ករដាក់សែនក្នុងចាន ឬកែវ និងត្រួយថេរ ឬត្រួយម្លូ ស្លាជាដើម ។
ក្រោយពីរៀបចំលំដាប់ លំដាទាំងនោះដាក់លើកនេ្ទលរួចរាល់ហើយ អ្នកស្រុកប្រមូលផ្តុំ ឈរតមៀបគ្នា ហើយប្រគំភ្លេងច្រៀងអញ្ជើញព្រលឹងដូនតានៅតាមដងព្រៃភ្នំមកសេពសោយ នូវគ្រឿងសំណែនទាំងនោះ ។
បន្ទាប់មកគេក៏ ចាប់ផ្តើមសម្តែងរបាំស្នែងទន្សោងតែម្តង ។ ឈ្មោះទំនុករបាំបទទន្សោងគោព្រៃមានជាអាទិ៍ខ្លាក្រាប ល្បុក្កតោ ស្រងែពេន និងទន្សោងគោព្រៃ ។
គប្បីជ្រាបថាចម្រៀង ទាំងនោះមានលក្ខណៈលន្លង់លន្លោចគួរឱ្យរន្ធត់ចិត្តជាពន់ពេកដោយហេតុថា អ្នកដែលច្រៀងនោះមានទេពកោសល្យខ្ពស់ ។ ពេលស្តាប់ គេមានអារម្មណ៍ថា អ្នកដែលច្រៀងនោះតំណាងឱ្យអារក្ស ឬធ្មប់ ។ ទន្ទឹមនឹងនេះ អ្នករាំប្រុសដែលតំណាងឱ្យទន្សោងឈ្មោល និងអ្នករាំស្រី ដែលតំណាងឱ្យទន្សោងញី ពួកគេពាក់ស្នែងពិត ព្រោះតំណាងឱ្យសត្វព្រៃពិតៗឥតកែ្លងក្លាយ ។ បើយើងពិនិត្យកាយវិការដែលគេបានបញ្ចេញម្តងវិញនោះ យើងក៏សង្កេតឃើញភាពស្ទាត់ជំនាញរបស់គេដែរ ។ កាយវិការរបស់គេប្រៀបដូចជាកាយវិការរបស់សត្វទន្សោងគោព្រៃពិតៗ ។ ម្យ៉ាងវិញទៀតពេលដែលគេឃើញបងប្អូនខ្មែរកួយ សួយបញ្ចេញក្បាច់ទន្សោងព្រៃភ្នំម្តងៗ គេមានអារម្មណ៍ថា កំពុងសិ្ថតក្នុងបរិបទសង្គមមួយ ដែលអ្នកស្រុកមានជីវភាពជាអ្នកប្រមាញ់យ៉ាងជាក់លាក់ ។ ទាំងនេះសឱ្យឃើញនូវនិរន្តភាព ព្រមទាំងចំណាស់នៃប្រពៃណីនេះដែលជាមរតកវប្បធម៌មន-ខ្មែរមានតាំងពី យូរមកហើយ ។
លក្ខណៈមួយទៀត គួរឱ្យកត់សម្គាល់ដែលបង្ហាញនូវចំណាស់របស់របាំទន្សោងគោព្រៃនេះ គឺក្នុងពេលសំដែង គេមិនបាច់ផ្លាស់ប្តូរសម្លៀកបំពាក់ ។ ធម្មតាក្នុងពេលសំដែងរបាំបានបង្ហាញថា អ្នករបាំទាំងនោះសុទ្ធសឹងតែជាអ្នកស្រុករស់នៅតាមដងព្រៃភ្នំឆ្ងាយពី ទីប្រជុំជនដែលមានមនុស្សរស់នៅយ៉ាងកុះករចំណែកនៅតាមទីជនបទដាច់ស្រយាល កម្រមានទេសចរមកដល់ ។
ចំពោះឧបករណ៍តន្ត្រី ដែលពួកអ្នកស្រុកប្រើក្នុងការសម្តែងរបាំទន្សោងគោព្រៃនេះដែលយីង អាចចាត់ទុកថាជាតង្វាយសម្រាប់វត្ថុស័ក្តិសិទ្ធិ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំក្រំថ្ម មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ។
សូមបញ្ជាក់ផងដែរថា ឧបករណ៍ភេ្លងទាំងប៉ុន្មានខាងលើនេះ ក៏កំពុងពេញនិយមដោយពួកសម្រែនៅខេត្តពោធិ៍សាត់ក្នុងពិធីបេះក្រវាញ ផងដែរ ។
ជារួម មនុស្សរាំរបាំទន្សោងព្រៃមានចំនួនប្រមាណជា ១០ នាក់ ប្រុស ២ នាក់ គឺអ្នកច្រៀងទំនុកទន្សោង និងអ្នករាំស្រី ៨ នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង ១ នាក់ និងអ្នករាំអមទន្សោង ២ នាក់ ។
កត្តាគួរកត់សម្គាល់ មួយទៀត ពួកអ្នករាំទាំងនោះស្ថិតក្នុងមធ្យមវ័យ ពោលគឺឆាប់មានការពិសោធក្នុងការបរបាញ់ ក៏ដូចជាជីវិតប្រចាំថ្ងៃដែរ ជាពិសេសស្គាល់នូវពិធីកម្មប្រជាប្រិយមួយចំនួនផង ។
ដូចពោលខាងលើ លក្ខណៈបរមបុរាណនៃរបាំទន្សោងគោព្រៃនេះអាចគូសបញ្ជាក់តាមរយៈកាយវិការ របស់អ្នករាំដែលមានវ័យចំណាស់ ហើយប្រកបដោយបទពិសោធ ។ ក្បាច់ដែលពួកគេរាំនោះមានលក្ខណៈយឺតៗមិនញាប់នោះទេ ដៃទាំងពីររបស់អ្នករាំមិនរាបស្មើ ពោលគឺរេចុះរេឡើង បត់ចុះបត់ឡើង មកលើត្រឹមចង្កេះ ត្រាប់តាមកាយវិការរបស់ទន្សោងគោព្រៃមើលទៅគួរឱ្យកោតសរសើរ ក្រៃលែង ។
ទេពកោសល្យរបស់ អ្នករាំប្រុសស្រីដែលដើរតួជាទន្សោងញីឈ្មោលសិ្ថតនៅត្រង់ចំណុច មួយទៀត គឺការរាំស៊ីចង្វាក់គា្ន ក្បាច់ជើង ក្បាច់ដៃ ដងខ្លួនរបស់ពួកគេរេរាំរំពើតរំពើនប្រកបដោយចរិតជាសត្វដែលកំពុង ចែចង់គ្នាពិតៗ ។ យោងលើឥរិយាបថនេះ យើងអាចកត់សម្គាល់ថា អត្ថន័យស៊ីជម្រៅ ឬនិមិត្តរូបពិតៗរបស់របាំនេះ គឺការតពូជពង្សវង្ស ត្រកូលពីសំណាក់អ្នកស្រុកភូមិព្រៃភ្នំទាំងនោះ ។ កុំភ្លេចថានាសម័យដើម របាំទន្សោងនេះជាពិធីស័ក្តិសិទិ្ធមួយដែលខកខានពុំបាន ។ អ្នកស្រុកព្រៃភ្នំត្រូវប្រារព្ធធ្វើមុននឹងទៅបរបាញ់សត្វក្នុងព្រៃ ។ ជ័យជោគ ឬបរាជ័យនៃការបរបាញ់ គឺសិ្ថតលើដំណើរការសម្តែងបាន ល្អ ឬមិនល្អនៃរបាំនេះចំតែម្តង ។ របាំនេះគឺជាតង្វាយ ឬពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព ។
មួយវិញទៀត អ្នករាំទាំងពីរភេទក៏តំណាងឱ្យព្រលឹងដូនតា ឬក៏ព្រលឹងនៃសត្វទន្សោងគោព្រៃផ្ទាល់តែម្តងដែលតាមរយៈរបាំដ៏មានន័យ នេះ នឹងមកសណិ្ឋតក្នុងខ្លួនរបស់គេ ។ ដូចកាយវិការត្រាប់តាមចរិតសត្វរបស់អ្នករាំជាភស្តុតាងស្រាប់ ។ កុំភេ្លចថាក្នុងប្រព័ន្ធទស្សនវិជ្ជារបស់បងប្អួនខ្មែរលើដែល កើតចេញពីជំនឿជីវចល សត្វទាំងនោះគឺតំណាងឱ្យបុព្វការីជន ។ បុព្វការីជនជាសត្វ ហើយសត្វក៏ជាបុព្វការីជន ។
សរុបសេចកី្តមក របាំទន្សោងគោព្រៃជារមតកវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ កាត់ថ្លៃមិនបាន ។ របាំនេះឆ្លុះបញ្ជាំងឱ្យឃើញនូវសម្ព័ន្ធភាពយ៉ាងជិតសិ្នទ្ធរវាង សត្វ និងមនុស្ស ឬបរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សនៅតាមព្រៃភ្នំដែលភាគច្រើនចិញ្ចឹមជីវិត ដោយការបរបាញ់សត្វ ។
អត្ថប្រយោជន៍មួយទៀត នៃការសិក្សារបាំនេះ គឺជនជាតិខ្មែរព្រៃភ្នំសុទ្ធសាធ អី្វដែលគេហៅថាមនុស្សភាគតិចដែលសិ្ថតក្នុងអំបូរមន-ខ្មែរ ហើយរបាំនេះ គឺជាមែកធាងមួយនៃខឿវប្បធម៌ខ្មែរយ៉ាងប្រាកដ ។ ការបាត់បង់នូវរបាំនេះ គឺពិតជាធ្វើឱ្យភាពសម្បូរបែបនៃវប្បធម៌ខ្មែរស្រុតចុះមួយកម្រិត ពុំខាន (ម.ត្រាណេ) ។
របាំព្រះរាជទ្រព្យ
ការសម្ដែងប្រព្រឹត្តទៅតាមចង្វាក់ភ្លេងនៃក្រុមតន្ត្រីសក្ការ ដោយពួកនាដករកាច់ក្បាច់រាំតម្រូវតាមសំឡេងបកស្រាយសាច់រឿង និងមនោសញ្ចេតនាដោយនារីអ្នកច្រៀងមួយក្រុមតូច។ របាំព្រះរាជទ្រព្យស្ទើរតែបាត់បង់អស់នៅក្រោមរបបខ្មែរក្រហម ដែលបានគាស់រំលើងចោលស្ទើរតែទាំងស្រុង នូវគ្រូនាដកម្មនិងគ្រូដូរ្យតន្ត្រី។ តាំងពីការដួលរលំនៃរបបប៉ុល ពត នៅឆ្នាំ១៩៧៩ មក ក្រុមរបាំព្រះរាជទ្រព្យត្រូវបានគេបណ្ដុះបណ្ដាលឡើងវិញ និងបានដំឡើងកម្រងនាដកម្មពីដើមៗឡើងវិញ។ របាំបុរាណដែលជាផ្លូវការ ត្រូវបានផ្សារភ្ជាប់ជាថ្មីជាមួយមហាក្សត្រ និងសាសនា ចាប់ពីពេលនោះមកបានក្លាយទៅជាធាតុស្នូលមួយសម្រាប់កសាងប្រទេស និងកសាងអត្តសញ្ញាណខ្មែរជាថ្មី។ សព្វថ្ងៃនេះ របាំព្រះរាជទ្រព្យបានរកឃើញឡើងវិញហើយ នូវរស្មីត្រចះត្រចង់របស់ខ្លួន ប៉ុន្តែមាននៅជួបឧបសគ្គជាច្រើន ដូចជា កង្វះខាតថវិកា និងរោងសម្ដែង ការប្រកួតប្រជែងពីសំណាក់ប្រព័ន្ធឃោសនាព័ត៌មាន ឬហានិភ័យនៃប្រជាប្រិយនីយកម្មសិល្បៈទាក់ទងនឹងវិស័យទេសចរណ៍។ នៅមានត្រឹមតែគ្រូនាដកម្មបីបួននាក់ប៉ុណ្ណោះ ជាអ្នកដែលបានរួចខ្លួននិងរស់រានមានជីវិត ហើយចេះដឹងពិតប្រាកដអំពីក្បាច់សិល្បៈទាំងអស់ រហូតធ្វើឱ្យរបាំនេះមានលក្ខណៈដ៏សំបូរបែបទៀតផង។
រាត្រីអង្គរ គឺជាសកម្មភាពវប្បធម៌បារាំង ខ្មែរមួយ បង្ហាញនូវទស្សនីយភាពសិល្បៈ ពីរជាសហព័ន្ធមួយ គឺជាវប្បធម៌បស្ចិមប្រទេស និងមួយទៀតជាវប្បធម៌បូព៌ាប្រទេស ដែលសហការរួមគ្នាធ្វើឱ្យចេញបានជាផ្លែផ្កា នូវវណ្ណកម្មមួយចំនួនរវាងក្រុមសិល្បករខ្មែរ និងបារាំង។ ទស្សនាទាន (កញ្ចក់នៅចន្លោះវប្បធម៌បារាំង និងវប្បធម៌ខ្មែរ) គឺជាសរសៃខ្សែក្រហមនៃការផលិតកម្មវិធីនេះ។ សកម្មភាពវប្បធម៌នេះមានកំណើតនៅឆ្នាំ២០០០ តាមការផ្ដួចផ្ដើមរួមគ្នារវាងឯកអគ្គរដ្ឋទូតបារាំង លោកអង់ដ្រេ ហ្សង់លីប៊ូរែល និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ គឺសម្ដេចព្រះរាម នរោត្ដមបុប្ផា ទេវី។ តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះបានក្លាយទៅជាសកម្មភាពសិល្បៈដ៏ធំជាងគេបង្អស់ និងជាបន្លាស់ប្ដូរវប្បធម៌ដ៏ចម្បងដែលត្រូវបានរៀបចំ និងសម្របសម្រួលដោយមជ្ឈមណ្ឌលវប្បធម៌បារាំង។ តាំងពីឆ្នាំ២០០៣មក ចំនួនសាធារណៈជនដែលអញ្ជើញមកទស្សនាមានការកើនឡើងជាប្រចាំ រហូតជិតដល់៤.០០០នាក់ នៅឆ្នាំ២០០៥។ មានកម្លាំងដោយសារទទួលជោគជ័យនាពេលកន្លងមក រាត្រីអង្គរ២០០៨ ក៏ត្រូវបានប្រកាសថា នឹងប្រារព្ធធ្វើពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី២ កុម្ភៈ ខាងមុខនេះ នៅរមណីយដ្ឋានប្រាង្គប្រាសាទអង្គរវត្ត។ ទន្ទឹមគ្នានឹងការធ្វើឱ្យសម្បូរបែបនូវក្នុងការផលិតនៃកម្មវិធី សកម្មភាពវប្បធម៌នេះ ក៏មានកិត្តិសព្ទល្អឡើងៗជារៀងរាល់ឆ្នាំ។ បរិមាណទស្សនិកជនប្រចាំឆ្នាំកើនឡើងឈានទៅដល់ជិត៤.០០០នាក់ នៅឆ្នាំ២០០៥ និងលើសពី៤.៧០០នាក់ នៅឆ្នាំ២០០៦។ សកម្មភាពវប្បធម៌នេះត្រូវបានប្រព័ន្ធឃោសនាព័ត៌មានជាច្រើន ចុះមកយកព័ត៌មាន ហើយការចុះផ្សាយនៅឆ្នាំ២០០៦ មានច្រើន និងសុទ្ធសឹងជាមតិសរសើរ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមាន ចំនួន ៨២ របាំ និងរបាំរឿងមានចំនួន ៣៥ រឿង :
- របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និង នៅបាត់បង់ចំនួន ២៨របាំ
- របាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿងនិងនៅបាត់បង់ ចំនួន ១៤ រឿង
មាតិកា[លាក់] |
[កែប្រែ] ប្រវត្តិសង្ខេប
របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។
[កែប្រែ] ការសម្ដែង
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។[កែប្រែ] ឧបករណ៍វង់ភេ្លងពិណពាទ្យ
- រនាតឯក
- រនាតធុង
- រនាតដែក (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
- រនាតថោង (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
- គងធំ (គងវង់ធំ)
- គងតូច (គងវង់ធំ)
- សំភោរ
- ស្គរធំមួយគូ
- ស្គរជ្វាមួយគូ (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
- ស្រៃឡមួយគូ
- ឈឹង
- ក្រាប